
សណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦
តាងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមធ្វើជាអធិបតីក្នុងពិធីដ៏អធិកអធម នៃការដាក់សម្ពោធគម្រោងអគារ G.A.T.O TOWER ដែលមានកម្ពស់ ៦៧ជាន់ នារសៀលនេះ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលបានអញ្ជើញចូលរួមពិធីនាពេលនេះ។
ខ្ញុំសូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន MIRAKU CAPITAL & DEVELOPMENT ដែលជាក្រុមហ៊ុនក្រោមកិច្ចសហការរវាងជនជាតិខ្មែរនិងជប៉ុន ក្នុងការបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាលើវិស័យអចលនទ្រព្យ ការអភិវឌ្ឍខុនដូ ដែលមានកម្ពស់ខ្ពស់ (២៩៧ម៉ែត្រ) រួមជាមួយនឹងរចនាបថទំនើបប្រណិតនៅលើទីតាំងដ៏មានសក្ដានុ-ពលក្នុងរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងអគារថ្មីនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានសោភណភាព ភាពទាក់ទាញ និងភាពទំនើបទាន់សម័យស៊ីវិស័យក្នុងការរស់នៅថែមមួយកម្រិតទៀត។ ខ្ញុំក៏មានជំនឿចិត្តយ៉ាងមុតមាំផងដែរថា ការបណ្ដាក់ទុនវិនិយោគនេះគឺជាការបោះជំហានឆ្ពោះទៅមុខនៃភាពជាដៃគូរវាងកម្ពុជានិងជប៉ុន ក្នុងការឆ្ពោះទៅបង្កើតនូវគម្រោងវិនិយោគលើវិស័យផ្សេងៗជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
អង្គពិធីទាំងមូលជាទីមេត្រី!
កម្ពុជា និងជប៉ុន បានថែរក្សាទំនាក់ទំនងការទូតយ៉ាងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលឆ្នាំនេះនឹងឈានចូលខួបលើកទី៧៣ឆ្នាំនៃទំនាក់ទំនងការទូត ទោះបីស្ថិតក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងភាពស្មុគស្មាញយ៉ាងណាក្តី។ ជាក់ស្តែង នៅខួបលើកទី៧០ ប្រទេសយើងទាំងពីរ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បន្តពង្រឹងនិងពង្រីកកិច្ចសហ-ប្រតិបត្តិការឱ្យកាន់តែរឹងមាំ។ តួយ៉ាង ជប៉ុនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ កើនឡើងប្រមាណ១៧% ធៀបនឹងឆ្នាំ២០២៤។ ក្នុងក្របខណ្ឌវិនិយោគ ពីឆ្នាំ១៩៩៤ រហូតដល់ ត្រឹមខែមករា ឆ្នាំ២០២៦នេះ ទំហំទុនវិនិយោគសរុបរបស់ជប៉ុន មានប្រមាណ ៣,៥ប៊ីលានដុល្លារអាម៉េរិក។ ក្នុងនោះ ក្រុមហ៊ុនជប៉ុន ដែលលេចធ្លោជាច្រើន ដូចជា ផ្សារទំនើបអ៊ីអន, មន្ទីរពេទ្យជប៉ុន Sunrise, ក្រុមហ៊ុន Minebea, ក្រុមហ៊ុន Yazaki, ក្រុមហ៊ុន Toyota និងក្រុមហ៊ុន DENSO ជាដើម បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ និងកំពុងបន្តប្រតិបត្តិការ ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួន ទាំងនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសកម្ពុជា។
ទន្ទឹមនេះ ដោយឃើញពីសក្តានុពល ព្រមទាំងកំណើននៃទំហំពាណិជ្ជកម្ម និងវិនិយោគនេះ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក-រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមបង្កើត “តំបន់សេដ្ឋ-កិច្ចពិសេសកម្ពុជា-ជប៉ុន” ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម Fumio KISHIDA អតីតនាយករដ្ឋ-មន្រ្តីជប៉ុន ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកការវិនិយោគមកពីជប៉ុន។ បន្ថែមលើនេះ នៅឆ្នាំ២០២៤ អំឡុងខែវិច្ឆិកា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីខាងកើត (ERIA) ធ្វើការសិក្សាស៊ីជម្រៅលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (Cambodia-Japan Green SEZ) ក្នុងគោលបំណងអភិវឌ្ឍនូវតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលមានលក្ខណៈសមស្របតាមតម្រូវការរបស់ក្រុមហ៊ុនជប៉ុន និងដើម្បីសម្របសម្រួលការបណ្តាក់ទុនវិនិយោគរបស់បណ្តាក្រុមហ៊ុនជប៉ុនមកកម្ពុជា។ 
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនដោយសង្ខេបអំពីលទ្ធផលស្រាវជ្រាវវិជ្ជមានលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសខាងលើដែលវិទ្យាស្ថាន ERIA បានគោរពរាយការណ៍ជូន សម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ការសិក្សានេះ បានបង្ហាញថាកម្ពុជាគឺជាប្រទេសដែលមានឧត្ដមភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ានលើផ្នែកចម្បងៗដូចខាងក្រោម៖
១. ផ្នែកធនធានមនុស្ស៖ កម្ពុជាមានកម្លាំងពលកម្មវ័យក្មេង, ងាយស្រួលបណ្ដុះបណ្ដាល, មានអត្តចរិតតស៊ូ អត់ធ្មត់ ឧស្សាហ៍ព្យាយាម, មានជំនាញភាសាបរទេស ពិសេសភាសាអង់គ្លេស, និងមានប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង
២. ទីតាំងយុទ្ធសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជិស្ទីក៖ កម្ពុជាមានទីតាំងជាយុទ្ធ-សាស្រ្តស្ថិតនៅមហាអនុតំបន់មេគង្គ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងប្រព័ន្ធឡូជិស្ទីកកាន់តែរីកចម្រើនជាលំដាប់ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលក្នុងកម្រិត 4F Class, ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ជាដើម
៣. ថាមពលកកើតឡើងវិញ៖ កម្ពុជាគឺជាប្រទេសនាំមុខគេទី២ក្នុងតំបន់ក្នុងការផលិតថាមពលកកើតឡើង ដែលមានអត្រា ៥៥% (៤៥% មកពីវារីអគ្គិសនី និង១០% មកពីថាមពលព្រះអាទិត្យ)
៤. រាជរដ្ឋាភិបាលនិងអភិបាលកិច្ច៖ ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការបើកចំហរសេដ្ឋកិច្ចទទួលការវិនិយោគស្ទើរគ្រប់វិស័យ, និង ស្ថិរភាពនិងលក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស គឺភាពអំណោយផលនៃលក្ខខណ្ឌនិងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
៥. ដីធ្លី៖ ថ្លៃដីធ្លីទាបជាងបណ្ដាប្រទេសជិតខាង។
របកគំហើញនេះ ក៏ស្របគ្នាជាមួយនឹងការលើកឡើងរបស់វិស័យឯកជនជប៉ុននៅកម្ពុជា តាមរយៈការស្ទង់មតិលើលក្ខខណ្ឌធុរកិច្ចរបស់ក្រុមហ៊ុនជប៉ុនមានប្រតិបត្តិការនៅបរទេស ឆ្នាំ២០២៥ រៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ដែលទើបចេញផ្សាយកាលពីដើមឆ្នាំនេះផងដែរ។
កម្ពុជា គឺជាប្រទេសដែលមានសក្ដានុពលក្នុងការប្រែក្លាយទៅជា “មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី” ដែលនឹងរួមចំណែកយ៉ាងសំខាន់ទៅក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់និងសកល។ ទន្ទឹមនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់នូវឆន្ទៈយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសបៃតង សម្រាប់ប្រទេសនិងឧស្សាហ-កម្មជាក់លាក់។ ត្រង់ចំណុចនេះ ខ្ញុំសូមរំលេចបន្តិចថា គំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កបង្កើនអភិវឌ្ឍន៍បន្ថែមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលការបណ្តាក់ទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ ចំពោះក្រុមហ៊ុននិងវិនិយោគិន ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន។
អង្គពិធីទាំងមូលជាទីមេត្រី!
ខ្ញុំសូមលើកឡើងពីវឌ្ឍនភាពគួរជាទីមោទនៈនៃសកម្មភាពវិនិយោគជារួមនៅកម្ពុជាតាមរយៈកិច្ចខិតខំប្រែប្រែងកន្លងមកនេះ។ ក្នុងឆ្នាំ២០២៥កន្លងទៅ ក.អ.ក. តាមរយៈគណៈ-កម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានអនុម័តគម្រោងវិនិយោគទាំងក្នុង និងក្រៅតំបន់សេដ្ឋ-កិច្ចពិសេសសរុបចំនួន ៦៣០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួនប្រមាណជាង ៤៣ម៉ឺនកន្លែង។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ចំនួនគម្រោងវិនិយោគសរុប មានការកើនឡើងចំនួន ២១៦គម្រោង រីឯទុនវិនិយោគវិញមានការកើនឡើងប្រមាណ៤៥%។ នេះជាកំណត់ត្រាថ្មីមួយទៀត ដែល ក.អ.ក.សម្រេចបាននូវការអនុម័តគម្រោងវិនិយោគរហូតដល់ជាង៦០០គម្រោង ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ។ ជាមួយគ្នានេះ ក្នុងខែមករា ឆ្នាំ២០២៦ ក.អ.ក. បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក។
សន្ទុះនៃការកើនឡើងនូវចំនួនគម្រោងវិនិយោគនេះ គឺជាសក្ខីភាពមួយបង្ហាញពីការបេ្តជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា។ បន្ថែមពីលើចំណុចដែលខ្ញុំបានរំលេចពីខាងដើម ដើម្បីពង្រឹងបរិយាកាសធុរកិច្ចដែលឆ្លើយតបទៅនឹងតម្រូវការនិងក្តីកង្វល់របស់វិនិយោគិន រាជរដ្ឋាភិបាលក៏បានបង្កើតនូវយន្តការនានាជាច្រើន ក្នុងនោះ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានរៀបចំចំនួន ១៩លើករួចមកហើយ, និងមាននូវកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន ដូចជា កិច្ចសន្ទនាកម្ពុជា-ជប៉ុន, កម្ពុជា-អាម៉េរិក កម្ពុជា-អឺរ៉ុប កម្ពុជា-កូរ៉េ ជាដើម ដែលសុទ្ធសឹងតែរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់ដែលធុរជន និងវិនិយោគិនបានជួបប្រទះក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

អង្គពិធីទាំងមូលជាទីមេត្រី!
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រុមហ៊ុន MIRAKU CAPITAL & DEVELOPMENT វិនិយោគគិនជប៉ុននៅកម្ពុជា និងវិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរដល់ក្រុមហ៊ុន MIRAKU CAPITAL & DEVELOPMENT ឱ្យទទួលបានជោគជ័យ និងរីកចម្រើននៅគ្រប់ដំណាក់-កាលនៃការប្រកបធុរកិច្ចរបស់ខ្លួន។ ខ្ញុំនឹងទន្ទឹងរង់ចាំមើលនូវអគារដ៏ធំស្កឹមស្កៃនេះ ដែលនឹងក្លាយជាទស្សនីយភាពមួយលម្អទីក្រុងបន្ថែមលើសពីការផ្តល់នូវទំនើបកម្មក្នុងការស្នាក់នៅ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ !










